អភិបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ដើម្បីផ្តល់សេវាកម្មនិងភាពទាក់ទាញដល់ភ្ញៀវទេសចរ
ប៉ៃលិន ៖ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវាកម្មនិងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ដោយមើលឃើញពីសក្តានុពលទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាពនៅរមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវអភិបាលខេត្ត បាន ស្រីមុំ បានណែនាំឱ្យយុវជន ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម្ពន្ធ ព្រមទាំងរុះរើខ្យុះដែលពុកផុយចេញ និងដាក់ជំនួសដោយខ្យុះថ្មី ដែលមានរចនាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ។
លោកជំទាវអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅជារមណីយដ្ឋានធម្មជាតិល្បីជាងគេនៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណជាង៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិនបានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្ត៕