ដំណាំស្វាយប្រមាណ ១៥០០០ដើម ត្រូវបានអគ្គិភ័យឆាបឆេះ
បាត់ដំបង ៖ ភ្លើងឆេះព្រៃរាលដាលចូលចំការបណ្តាលអោយប៉ះពាល់ទៅលើផ្ទៃដីចំនួន ៣៥ហិចតា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់។
លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោកបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរ ផ្តើមចេញពីភ្លើងឆេះព្រៃ រហូតរាលដាលចូលចំការបណ្តាលអោយប៉ះពាល់ទៅលើផ្ទៃដីចំនួន ៣៥ហិចតាធ្វើអោយខូចខាតដំណាំស្វាយអស់ប្រមាណ ១៥,០០០ដើម ដែលមានម្ចាស់ឈ្មោះ ង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចនគរបាលការិយាល័យជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ សហការជាមួយអធិការស្រុកបាណន់ ,ស្រុករតនមណ្ឌល និងស្រុកសំឡូត បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ដើម្បីចុះអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្តផងដែរ ៕
ដោយ ៖ សាលី