ស្ត្រីម្នាក់ ប្តឹងនាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាបពីបទ ប៉ុនប៉ងមនុស្សឃាត

សៀមរាប ៖ ស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងលើលោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ នៃរដ្ឋបាលសាលាខេត្តសៀមរាប ទៅនគរបាល ពីបទ ជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ។

ការដាក់ពាក្យបណ្តឹងនេះ ធ្វេីឡេីយក្រោយពេលជនប្រព្រឹត្ត បានជេរប្រមាថ វាយតប់ និងបើកឡានបំបុក ទៅលើជនរងគ្រោះកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារទំនើបអាសុី ត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន អាយុ៤៥ឆ្នាំ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៨ ទៅ៩នាក់ បានញាំអាហារក្នុងផ្សារអាស៊ី លុះពេលចេញមកដល់ខាងមុខ ជនដៃដល់ឈ្មោះ សោម សមសក្ត័ ជានាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប បានវាយសង្កត់ក្បាលលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ដែលរួមដំណើរជាមួយគាត់ (ស្ត្រីរងគ្រោះ) ជាច្រើនដង ។ ខណ:នោះរូបគាត់ (ជនរងគ្រោះ) បាននិយាយថា ម៉េចក៏វាយក្បាលគាត់ចឹងគាត់ចាស់ជាង វាយរបៀបនឹងមិនសមទេ ។ ភ្លាមនោះ ជនបង្កបានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់១ដៃ និងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ច មកជួយអន្តរាគមន៍ ។ ពេលក្រុមសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ជនបង្កបានបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-0009 ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់ ។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលីស នៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលីស បណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់ បណ្តាលអោយរងរបួសស្រាល ទើបជនបង្ក បើករថយន្តគេចខ្លួនតែម្តង ។ 

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា រវាងរូបគាត់ និងជនបង្កពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែរជាមកប៉ុនប៉ង ធ្វើឃាតលើរូបគាត់ទៅវិញ អីចឹងហើយទើប សម្រេចដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៍ ។ ចំណែកពាក្យបណ្តឹងដែលប្តឹងនៅដំណាក់កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺ សុំអោយតែអនុវត្តទៅតាមច្បាប់ ។

យោងតាមពាក្យបណ្តឹង និងការរៀបរាប់របស់ជនរងគ្រោះ ចាំមេីលមន្ត្រីសាលាខេត្តសៀមរាបរូបនេះ អាចគេចផុតពីសំណាញ់ច្បាប់ បានឬអត់? ខណៈនៅកន្លែងកើតហេតុ បានបន្សល់ ទុករូបភាពជាច្រើន តាមរយៈកាមេរ៉ាសុវត្ថិភាព និងរូបដែលថតបានដោយមហាជនទូទៅ ។

នៅរសៀលថ្ងៃដដែលនេះ សារព័ត៌មានខ្មែរពិត បានស្វែងរកការបំភ្លឺពីលោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាបដែរ តែមិនអាចទំនាក់ទំនង់បាន ។ យើងខ្ញុំរីករាយនិងរងចាំទទួលការបំភ្លឺពីលោក សោម សមស័ក្ត តាមរយៈ លេខទូរស័ព្ទ ៖ 012 690 578/097 797 9729 ៕

CATEGORIES
Share This