មន្ត្រីជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដុតបំផ្លាញឧបករណ៍នេសាទ និងលែងត្រីចម្រុះជាង២តោន

បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ កម្លាំងយោធភូមិភាគទី៥ និងកម្លាំងមន្ទីរអធិការកិច្ច សរុប៤៥នាក់ កាណូត​ស្មាច់១២គ្រឿង បានចុះធ្វើការពិនិត្យ ស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សនេសាទនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបីផ្សេងគ្នា ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ​២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទីតាំងទី០១នៅចំណុចបឹងប្រា ដែលជាលទ្ធផលមន្ត្រីជំនាញរឹបអូសបាន ,សាច់ម៉ងប្រវែង ៣៥០០ម៉ែត្រ ,ឡុក០៤គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ចំនួន ២០០០គីឡូក្រាម។ ចំណុចទី០២នៅបឹងឆ្តោរៀល រឹបអូសសាច់ម៉ងប្រវែង ១២០០ម៉ែត្រ ,ឡូក០១គ្រឿង
និងលែងត្រីចូលបឹងធម្មជាតិ ៥០០គីឡូក្រាម។ ចំណុចទី០៣នៅបឹងអាឈូក រឹបអូសបានសាច់ម៉ងប្រវែង ១១០០ម៉ែត្រ ,ឡុកចំនួន០២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបង្ក្រាបបាន សាច់ម៉ងសរុបប្រវែង៥៨០០ម៉ែត្រ ឡុក០៧គ្រឿង ខាងលើត្រូវបានក្រុមការងារ​សម្រេចកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែង ចំណែកត្រីចម្រុះចំនួន ២៥០០គីឡូក្រាម ត្រូវបានលែងចូលបឹងធម្មជាតិវិញផងដែរ ៕

ដោយ សាលី

CATEGORIES
Share This