រដ្ឋបាលខេត្តបន្ទាយមានជ័យ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបានផ្តល់ប័ណ្ណសរសើរដល់អ្នកសារព័ត៌មាន
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបានផ្តល់ប័ណ្ណសរសើរដល់អ្នកសារព័ត៌មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគមន៍ជុំវិញខេត្តជាង៦០០នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទូទាំងខេត្ត រួមនឹងអង្គការសង្គមស៊ីវិល ផងដែ ។
លោក អ៊ុំ រាត្រី បានថ្លែងបើកកម្មវិធី ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ដែលកន្លងមកខិតខំពុះពារជំនះគ្រប់ឧបសគ្គ ក្នុងបំពេញបេសកកម្មបម្រើជាតិមាតុភូមិ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យមានមោទនភាព ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
លោកអភិបាលខេត្ត ក៏បានធ្វើការកត់សម្គាល់ផងដែរនូវសភាពការណ៍ និងសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត ខិតខំសម្រេចបាននូវឆ្នាំ២០២៤នេះ។ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាឆ្នាំទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានកំណត់កម្មវិធីនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលត្រូវអនុវត្តភ្លាមចាប់ពីខែកញ្ញា ឆ្នាំ២០២៣ កន្លងមករួមមាន: ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ,ការគិតគូរពីផលប្រយោជន៍អ្នកប្រកបរបរទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធឲ្យទទួលបាននូវប្រព័ន្ធគាំពារសង្គម ,ការដាក់ចេញនូវយន្តកាសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ,ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ។ ទាំងអស់នេះគឺជាត្រីនិស្ស័យដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវ ជាពិសេសបានការឧបត្ថម្ភគាំទ្រទាំងស្មារតីនិងធនធានយ៉ាងកក់ក្តៅពីរឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្ត ក៏បានជំរុញឲ្យនគរបាល ,កងរាជអាវុធហត្ថ និងតុលាការ រួមគ្នាអនុវត្តតាមបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានមឺងម៉ាត់បំផុតដោយមិនលើកលែង ចំពោះក្មេងទំនើងដែលកំពុងកើតឡើងសារជាថ្មី បង្កភាពអាណាធិបតេយ្យ ដេញ កាប់ ចាក់គ្នាជាក្រុមធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច សម្រាប់ខេត្តបន្ទាយមានជ័យដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺមានក្រុងប៉ោយប៉ែត ក្រុងសេរីសោភ័ណ្ឌ និងមង្គលបុរី ។ម្យ៉ាងវិញទៀតរួមគ្នាពិនិត្យនិងទប់ស្កាត់ទៅលើជនបរទេសសំដៅទៅលើជនជាតិឥណ្ឌាដែលបានបោកបញ្ឆោតផ្ដល់ប្រាក់កម្ចីឲ្យទៅប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសតាមជនបទ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។
ដោយឡែកសម្រាប់អនាម័យនិងបរិស្ថាន ដោយសារក្រុង ស្រុករបស់យើងមានការកសាងអភិវឌ្ឍន៍ច្រើន ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុក ក្រុង រួមគ្នាចុះត្រួតពិនិត្យដើរមើលតាមផ្សារនិងផ្ទះរបស់ប្រជាពលរដ្ឋលើបញ្ហាសម្អាតបរិស្ថាន អនាម័យ និងធ្វើការណែនាំដល់ពួកគាត់ពីផលប៉ះពាល់ផងដែរ៕