១០ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យល្មើសនឹងច្បាប់ ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន៤៨នាក់
បន្ទាយមានជ័យ ៖ ១០ខែ ដើមឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ខេត្តបន្ទាយមានជ័យ បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ៤៤/២៦ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ ស្រី០១នាក់ អនិតិជន០៣នាក់ ដោយក្នុងនោះស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្ត បានចំណាត់ការលើរឿងក្តីពាក់ព័ន្ធនេះ យ៉ាងសកម្ម និង បានពន្លឿនទៅតាមនីតិវិធីផងដែរ។
នេះបើយោងតាមរបាយការណ៍សង្ខេប ស្តីពី លទ្ធផលការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សថ្នាក់ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ”កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល”។ ក្រោមការចូលរួមពីសំណាក់លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត ,លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ។
ក្រៅពីលទ្ធផលបង្រ្កាបខាងលើលោកស្រី រស់ សុផានី អភិបាលរង ខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ អំពីស្ថិតិពលករកម្ពុជាបញ្ជូនមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៣៥១លើក សរុបពលករ ចំនួន ២២០០នាក់ ស្រី ១១០នាក់ កុមារា ៣៩៧នាក់ កុមារី៣១៩នាក់ ក្នុងនោះពលករក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១៧៤៩នាក់ ស្រី ៥៥២នាក់ កុមារា១០៦នាក់ កុមារី ៧៤នាក់។ក្នុងចំណោមពលករ ៦៦៤៥នាក់ ៖ គេចាប់បញ្ជូនមក ៣៤៧៩នាក់ ស្រី ១០៧២នាក់ កុមារា ២០៧នាក់ កុមារី ១៧៣នាក់ ។ ចុះមកដោយខ្លួនឯង២៩៦៧នាក់ ស្រី ៩៧២នាក់ កុមារា ១៩០នាក់ កុមារី១៤៥នាក់។ក្នុងនោះបានរកឃើញជនរងគ្រោះ និងងាយរងគ្រោះ ករណីជួញដូរមនុស្សចំនួន ៧៤ នាក់ ស្រី ១៧នាក់ កុមារា ១០នាក់ កុមារី ១១នាក់ រួមមាន ៖ កេងប្រវ័ញ្ចកំលាំងពលកម្មចំនួន ៤៧នាក់ ស្រី ១១នាក់ កុមារា ៧នាក់ កុមារី ៦នាក់, ត្រូវគេ រំលោភបំពាន ៤នាក់ ស្រី ១នាក់ កុមារា ០នាក់ កុមារី ៣នាក់, ធ្វើការងារដោយមិនមានឯកសារ ចំនួន ២០នាក់ ស្រី ៥នាក់ កុមារា ២នាក់ កុមារី ០នាក់, កុមារមិនមានមនុស្សធំអមដំណើរ ចំនួន ៨នាក់ ស្រី ៣ នាក់ កុមារា ១នាក់ ស្រី ២នាក់។ ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវបានបញ្ជូនមកពីបរទេសក្តី ឬដែល ត្រូវបានរកឃើញក្នុងប្រទេសក្តី ជាជនជាតិខ្មែរក្តី ជាជនបរទេសក្តី ត្រូវបានមណ្ឌលសំចត ប៉ោយប៉ែត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាខេត្ត សហការជាមួយ អាជ្ញា ធរមូលដ្ឋាន និងអង្គការដៃគូដែលមានមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ផ្តល់សេវាដើម្បី គាំពារជនរងគ្រោះ និងធ្វើសមាហរណកម្ម ជាបន្តបន្ទាប់ ៕
ដោយ ៖ អេម ពៅ