លោកឧត្តមអគ្គានុរក្ស ទីន សុវណ្ណនី អំពាវនាវដល់ជនរួមជាតិបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងកុំចូលរួមដុតបំផ្លាញប្រទេសជាតិខ្លួនឯង

កំពង់ស្ពឺ ៖ លោកឧត្តមអគ្គានុរក្ស ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយឃុំទួលសាលាបានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ​ឱ្យបន្តការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសគណបក្សប្រជាជនកម្ពុជា និងមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសជាតិខ្លួនឯងនោះឡើយ។ការណ៍នេះធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី២៨៦នាក់ ក្នុងឃុំទួលសាលា នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមអគ្គានុរក្ស ទីន សុវណ្ណនី បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជារាជរដ្ឋាភិបាលដែលដឹកនាំដោយគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋរីកចម្រើ​ន ហើយថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។

លោកបានលើកឡើងទៅកាន់សមាជិកថ្មីទាំងអស់ថាសូមកុំនាំគ្នាដើរថយក្រោយ ត្រូវតែបន្តនាំគ្នាដំណើរទៅមុខ យើងបន្តកសាងអភិវឌ្ឍន៍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋតទៅទៀត ហើយសុំឱ្យបងប្អូនបន្តជឿទុកចិត្តនិងផ្តល់ការទុកចិត្ត ទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ប្រធានក្រុមការងារខេត្តចុះជួយឃុំទួលសាលា លោកឧត្តមអគ្គានុរក្សបានបន្តបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពិតណាស់មិនមែនល្អឥតខ្ជោះនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានខិតខំអស់លទ្ធភាព ដើម្បីឱ្យប្រទេសកាន់តែល្អប្រសើរឈានទៅរកការអភិវឌ្ឍបន្ថែមទៀត មិនតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជា កំពុងបន្តបេសកកម្មដ៏ត្រឹមត្រូវរបស់ខ្លួនដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។ការពាររដ្ឋធម្មនុញ្ញនិងការពារព្រះមហាក្សត្រ ការពាររបបរាជានិយម។បន្ថែមពីនេះគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍។ទន្ទឹមនេះសូម អ៊ុំ ពូ មីង បងប្អូនទាំងអស់ជឿទុកចិត្តចុះ ហើយកុំចូលរួមជាមួយការអំពាវនាវណាមួយ ដែលនាំទៅដល់ការដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឱ្យយើងបែកបាក់គ្នាឡើងវិញ ហើយវិលទៅបង្កាត់ភ្លើងសង្គ្រាមជាថ្មី៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This