យុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចំនួន២៥នាក់ នៃវិទ្យាល័យហ៊ុន សែនក្រុងទេពនិម្មិតប៉ៃលិនទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយមាន ការចង្អុលដឹកនាំពីលោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានរយៈពេល ១ថ្ងៃជូនដល់យុវជនកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥នាក់នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ពីសំណាក់លោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនផ្តាំផ្ញើសួរសុខទុក្ខដល់ក្មួយៗយុវជន ទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។ លោកជំទាវបានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទី ភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។

ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ និងបានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គមដើម្បីក្លាយខ្លួនជាយុវជនគំរូ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនកប្បីនានា ដែលសង្គមស្ពប់ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស ។ក្នុងឱកាសនេះ ឯកឧត្តម បានចែកសៀវភៅ វិជ្ជាសង្គ្រោះបឋម ជូនក្មួយៗទាំងអស់ដើម្បីយកទៅរៀនសូត្របន្ត។ កម្មវិធីនេះបញ្ចប់ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យ៕

CATEGORIES
Share This