ភូមិចំនួន២៥ នៃស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ត្រូវបានប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
បន្ទាយ មានជ័យ ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានបន្តប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន២៥ភូមិ ក្នុងស្រុកមង្គលបូរី និងស្រុកភ្នំស្រុក។
លោក មាស ដារ៉ា ប្រធានមន្ទីរ បញ្ជាក់ ថា ប្រមុខរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមកាដឹកនាំដោសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ។ ហេីយយក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ក៏បានការដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិនិងការគ្រប់គ្រងដីធ្លីបានល្អ ហេីយសមកតេចបានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកា និងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង បោះបង្គោលកំណត់ព្រំដីដើម្បីដោះស្រាយវិវាទដីធ្លីទាំងអស់នោះឱ្យបានចប់នៅមុនដាច់ឆ្នាំ២០២៧ខាងមុខនេះ។
លោកបន្តថា ក្នុងដំណាក់កាលនេះ ខេត្ត បានយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយគ្រប់គ្រងដីធ្លី របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសន្តិសុខ កម្មសិទ្ធិដីធ្លី ការទប់ស្កាត់បញ្ហា ជម្លោះដីធ្លី ដើម្បីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ប្រកបដោយ សមធម៌ និរន្តរភាព និង ប្រសិទ្ធភាព ព្រមទាំង ជំរុញ ការ បែងចែក ដីធ្លី ប្រកបដោយ សមធម៌។
យោងរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបង្ហាញពីវឌ្ឍនភាព គឺមានចំនួនភូមិប្រមាណជិត៨០% គឺបាននិងកំពុងអនុវត្តរួចហើយ នៅសល់តែ ២០%ទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥នេះ។ ក្នុងចំណោមភូមិទាំង៦៦០ គឺមានក្បាលដី ប៉ាន់ស្មានសរុបចំនួន ៦៧៧ ៦៨០ ក្បាលដី ក្នុងនោះ បានចុះបញ្ជីដីនិងចេញបណ្ណរួច ចំនួន ២១ឃុំ/សង្កាត់ ស្មើនឹង ២៩០ភូមិ, កំពុងដំណើរការចុះបញ្ជី ចំនួន ៣៩ឃុំ/សង្កាត់ ស្មើនឹង ២២៧ ភូមិ, មិនទាន់ចុះបញ្ជី ចំនួន ៧ឃុំ/សង្កាត់ ស្មើនឹង ១៤៣ ភូមិ។ ជាមួយគ្នានោះក្រុមការងារ ក៏បានកំពុងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់តាមបណ្តាក្រុងស្រុក ឃុំ -សង្កាត់ ភូមិមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
សូមបញ្ជាក់ផងដែរថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល 1. ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយអំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, 2. ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, 3. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង, 4. សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ធ្វើការបូកសរុប និងធ្វើសំណើជូន ឯកឧត្តម អភិបាលខេត្ត ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេចជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ និងពុំមានទំនាស់, 5. ចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី៕