រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ សុំឲ្យអង្គការមិនមែនរដ្ឋាភិបាល សូមយកសុភវិនិច្ឆ័យ មកវាយតម្លៃសេរីភាពសារព័ត៌មាន នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ ស្នើសុំឲ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាល សូមយកសុភវិនិច្ឆ័យ មកវាយតម្លៃសេរីភាពសារព័ត៌មាន នៅកម្ពុជា ទើបធ្វើឲ្យការវាយតម្លៃជារួមរបស់យើងត្រឹមត្រូវ ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងសន្និសីទ ស្តីពី ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ដោយផ្ដោតសំខាន់ទៅលើប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៩ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Sardar Umar Alam តំណាងប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) និងតំណាងស្ថានទូតស៊ុយអែត រួមនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារលើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត សរុបជាង២០០នាក់ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សុភវិនិច្ឆ័យនៅក្នុងក្របខ័ណ្ឌនៃការវាយតម្លៃ គឺ យើងកុំគិតថា ឲ្យតែប៉ះអ្នកកាសែត គឺសុទ្ធតែសេរីភាពនៃការបញ្ចេញមតិ យើងអាចចោទសួរថា “ចុះបើគាត់ទៅកំហែងទាប្រាក់, ទៅកំហែងហែកកេរ្តិ៍ដើម្បីបានប្រាក់ តើនឹងជាសេរីភាពនៃការបញ្ចេញមតិដែលឬទេ? ឬជាបទល្មើសព្រហ្មទណ្ឌដែលធ្វើ?” នេះគឺជាចំណុចមួយដែលឈរលើមូលដ្ឋាននៃសូចនាករត្រឹមត្រូវទៅលើការវាយតម្លៃ ទើបធ្វើឲ្យការវាយតម្លៃជារួមរបស់យើងត្រឹមត្រូវ ហើយរបាយការណ៍របស់យើងមិនមែន គឺ តម្រូវទៅលើម្ចាស់ជំនួយនោះទេ គឺ ឈរលើមូលដ្ឋានកាពិតជាក់ស្ដែង ។
ឯកឧត្ដម នេត្រ ភក្ត្រា លើឡើងទៀតថា អ្វីដែលឃើញជារួម ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជាយើងវាមិនល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែបើយើងប្រៀបធៀប នៅក្នុងតំបន់របស់យើង កម្ពុជាមានភាពល្អប្រសើរមិនអាក្រក់នោះទេ ក៏ប៉ុន្តែជាសិស្សល្អមួយនៅក្នុងក្របខ័ណ្ឌ នៃសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ក្នុងនោះ គឺ យោងតាមរបាយការណ៍ ការស្ទង់មតិរបស់ក្រសួងព័ត៌មានដែលបានរៀបចំដោយបានជួបសំភាសជាមួយនឹងអ្នកសារព័ត៌មាន ៣៤១នាក់ នៅទូទាំងប្រទេស ក្នុងនោះ ៧៩.៨% បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ នេះគឺជា ចំណុចមួយដែលយើងមើលព្រៃទាំងមូល ក៏ប៉ុន្តែយើងមិនមើលឈើមួយដើមនៅក្នុងក្របខ័ណ្ឌនៃស្ថានភាពសារព័ត៌មាននោះទេ ។
សូមបញ្ជាក់ថា សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ រៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបាននិងកំពុងកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ និងមានកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន ៖ ១,ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ។ ២,ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន ។ ៣,និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។
ក្នុងសន្និសិទនេះ ក៏មានការពិភាក្សានិងការលើកឡើងពីសំណាក់អ្នកសារព័ត៌មាន លើការអនុវត្តច្បាប់ព្រហ្មទ័ណ្ឌលើអ្នកសារព័ត៌មាន ដោយមិនបានយកច្បាប់ស្តីពីរបបសារព័ត៌មាន មកអនុវត្តន៍ ឬវែកញែករកអោយឃើញថា ជាកំហុសក្នុងវិស័យព័ត៌មាន ឬជាកំហុសក្នុងបទព្រហ្មទ័ណ្ឌ ៕