គ្រួសារសពក្នុងករណីរថយន្តបុកម៉ូតូស្លាប់ បីនាក់នៅស្រុកវាលវែង មិនអាចទទួលយកបានចំពោះម្ចាស់រថយន្ត ផ្តល់សំណង់សពមួយនាក់ ៣លានរៀល
ពោធិ៍សាត់ ៖ គ្រួសារសពជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្ត បុកម៉ូតូបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំនួនបីនាក់ កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៦ ស្ថិតនៅចំណុចគីឡូលេខ១០៦ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចទទួលយកបានចំពោះម្ចាស់រថយន្ត ដែលបានផ្តល់សំណងអោយខាងជនរងគ្រោះនៃសព ម្នាក់បីលាន់រៀល។
តាមការអោយដឹងពីក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើបានអោយអ្នកសារព័ត៍មានយើងដឹងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះថា ចាប់តាំពីថ្ងៃកើតហេតុរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ សមត្ថកិច្ចនគរបាលនៃអធិការស្រុកវាលវែង បានកោះហៅសម្របសម្រួលគ្នាដោយខាងភាគីតំណាងរថយន្ត បានព្រមផ្តល់សំណងដល់ក្រុមគ្រួសារសព ក្នុងមួយសព ៣លានរៀល ដើម្បីបញ្ចប់រឿង ។ ចំពោះការផ្តល់នេះភាគីខាងជនរងគ្រោះ មិនអាចទទួលយកបានទេ ដោយស្នើអោយខាងភាគីរថយន្ត ដែលមានឈ្មោះមុី វ៉ាន់ថា ផ្តល់សំណង២៥០០ដុល្លាក្នុងសពមួយ ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ខាងលើ បានកើតឡើងរវាងរថយន្តដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ 3A-1695 ដោយមាន
អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់បានធ្វើដំណើរពីត្បូងទៅជើង ចំណែកម៉ូតូម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២៣ បើកបរនិងអ្នករួមធ្វើដំណើរជាយុវជនមានគ្នា៣នាក់ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង៣នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចឱ្យគ្រួសារសព្វ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកស្រុកវាលវែង ធ្វើកំណត់ហេតុយកទៅរក្សាទុកនៅអធិការស្រុកវាលវែង ដើម្បីដោះស្រាយតាមនីតិវិធី។ចំណែកអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងថា បានឃាត់ខ្លួនបាន តែមិនបានបញ្ចេញអត្តសញ្ញាណមកឱ្យអង្គភាពសារព័ត៌មានយើងដឹងនោះទេ ៕
ដោយ ៖ សំណាង