រយៈពេល៥ខែឆ្នាំនេះ ពន្ធដារប្រមូលពន្ធ-អាករបានជិត ១ ៧២៧ លានដុល្លារ កើនឡើងជាង ២៨ភាគរយ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៧ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ បានកើនឡើងជាង ២៨ភាគរយ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ ឧសភា និងសម្រាប់រយៈពេល៥ខែ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ចំពោះចំណូលប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងខែឧសភា ក្នុងឆ្នាំ២០២១។
ការប្រមូលចំណូលពន្ធ ក្នុងខែឧសភា ឆ្នាំ២០២២ ចំណូលពន្ធ–អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ៩១១ ប៊ីលានរៀល ត្រូវប្រមាណជា ២២៥ លានដុល្លារ ស្មើជិត ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកការប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ–អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ៦ ៩៩៤ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ ស្មើនឹង ៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ កើនឡើងជិត ២៨% ធៀបនឹងរយៈពេលប្រាំខែឆ្នាំ២០២១។
សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួនជាង ១១ ៤១៩ ប៊ីលានរៀល (ប្រមាណជាង ២ ៨១៩ លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ៕