បណ្ដេញជនជាតិថៃ ១០នាក់ ចេញពីប្រទេស ក្រោយរកឃើញថា លួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់នៅកម្ពុជា 

បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ១០នាក់ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា លួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់នៅកម្ពុជា  ។

ការបញ្ជូនចេញ-ទទួលនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១:១៥នាទីព្រឹក ដោយខាងកម្ពុជា ដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា នាយរងផ្នែក និងខាងភាគីថៃដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានប្រគល់ទទួលជនជាតិថៃ ចំនួន១០នាក់ ស្រី០១នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ (គ្មានលិខិតឆ្លងដែន) និងធ្វើការងារខុសច្បាប់ ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៣ឆ្នាំចំនួន ០២នាក់ និង ០៥ឆ្នាំចំនួន ០៨នាក់ ស្រី០១នាក់ ៕

CATEGORIES
Share This