អ្នកសារព័ត៌មាន ម្នាក់ត្រូវបានគេលួចបាញ់ប្រហារ ពេលចុះយកព័ត៍មាន នៅស្រុកជីក្រែង

សៀមរាប ៖ អ្នកសារព័ត៌មានវ័យចំណាស់ម្នាក់ ត្រូវបានគេលួចបាញ់ប្រហារ ពេលចុះយកព័ត៍មាននៅស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រលប់ម៉ោង១៨ និង ០០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។ តែករណីបាញ់ប្រហារលើអ្នកសារព័ត៍មាននេះ ដោយមានការយកចិត្តទុកដាក់ពីសមត្ថកិច្ច បានកំណត់មុខសញ្ញាជនល្មើសបានហើយ ។

តាមសមត្ថកិច្ចស្រុកជីក្រែង បានឲអ្នកសារព័ត៍មាន ក្នុងស្រុកដឹងថា អស់រយៈពេលជាង១០ម៉ោង ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវរហូតក្តាប់បានមុខសញ្ញាជនដៃដល់ ដែលលួចបាញ់ប្រហារទៅលើអ្នកសារព័ត៌មាន ឲ្យរងរបួសនោះបានហើយ។

សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងទៀតថាអ្នកសារព័ត៌មាន ដែលរងការបាញ់ប្រហារអោយរងរបួសធ្ងន់មានឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅតំបន់ព្រៃក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបកាលពី វេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកជីក្រែង បានចុះទៅដល់ទីតាំងកើតហេតុ និងបានដឹកជនរងគ្រោះមកមន្ទីរពេទ្យ ដោយមានការការពារត្រឹមត្រូវរហូតដល់ទីរួមខេត្ត។

ជនរងគ្រោះជាអ្នកសារព័ត៌មាន បានចុះទៅយកព័ត៌មាននៅតំបន់ព្រៃស្ងាត់ ក៏ត្រូវជនដៃដល់លួចបាញ់ប្រហារដោយកាំភ្លើងខ្យល់ បណ្ដាលឱ្យរងរបួស ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុក កំពុងអនុរត្តតាមជំនាញដើម្បីឈានទៅចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ K-P

CATEGORIES
Share This