រដ្ឋមន្ត្រីកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដែលទើបតែងតាំងថ្មី ត្រូវបំពេញការងារឱ្យបានល្អប្រសើរ
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីកសិកម្មលោក ឌិត ឌីណា បានណែនាំទៅដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺថ្មី ដែលទើបឡើងកាន់តំណែង ត្រូវខិតខំបំពេញតួនាទីឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនិងជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាកសិករនៅថ្នាក់មូលដ្ឋាន ពិសេសគឺពុកនិងម៉ែ ។
ការណែនាំនេះ ក្នុងឱកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមា៉ញ់ និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តំណែងប្រធានមន្ទីរបច្ចុប្បន្នគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងត្រឹមតែប្រកាសប៉ុណ្ណោះ។ដូច្នេះប្រធានមន្ទីរមានឋានៈស្មើនឹងប្រធាននាយកដ្ឋាន ហើយដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឱ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។
ជាមួយនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏បានបញ្ជាក់បន្ថែមថា មន្ទីរគ្រប់រាជធានី-ខេត្តគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងនិងរាជធានី-ខេត្ត ដូច្នេះក្រសួងត្រូវដើរតួនាទីជាឪ ចំណែករាជធានី-ខេត្តត្រូវដើរតួជាម៉ែ។នូវរាល់សកម្មភាពការងាររបស់មន្ទីរគឺដឹកនាំបញ្ជាពីក្រសួងនិងរាជធានី-ខេត្ត។បើក្រសួងនិងរាជធានី-ខេត្តដែលជាម៉ែជាឪមិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ដូច្នេះដើម្បីឱ្យការអនុវត្តការងារសម្រេចបានតាមគោលការណ៍លុះត្រាណាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានបន្ស៊ីការងារគ្នានិងដាក់ទិសដៅតែមួយឱ្យមន្ទីរក្រោមឱវាទអនុវត្ត។
ទន្ទឹមនិងការលើកឡើងនេះដែរលោក ឌិត ទីណា ក៏បានលើកឡើងដោយក្រើនរំឭកដល់ប្រធានមន្ទីរកសិកម្មខេត្តដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្មនិងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាពនិងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត បន្ថែមពីនេះត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅនិងអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ត្រូវសហការឱ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ៕
ដោយ ៖ ប៊ុត សារុន