អភិបាលរងខេត្តកំពង់ស្ពឺ ប្រតិកម្មខ្លាំងលើទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែង ដែលបន្តបើកលេង ក្រោយបង្ក្រាបបានត្រឹមមួយដង្ហើមចង្រឹត
កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺលោក តូច ប៉ូលីវ៉ា បានប្រតិកម្មខ្លាំងៗលើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើននិងអាជ្ញាធរ ក្រោយដោះលែងមកវិញ ដែលការប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាងម៉េចរឿងនិង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។
សូមបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនេះស្ថិតនៅក្រោយទីបញ្ជាទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ តែមិនដឹងថ្នាក់លើត្រឹមណានោះទេ។ហើយក្រោយដោះលែង អាជីវកម្មអនឡាញនេះក៏បានបើកលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោង ដោយបិទបាំងវាំងនននិងមានអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចូលលេងមិនចេះដាច់។
ពាក់ព័ន្ធនិងករណីបើកលេងឡើងវិញនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីមិនមានការឆ្លើយតបទេ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានអះអាងថាចាំឱ្យអធិការក្រុងច្បារមនចុះទៅមើល លោក ទឹម ផានូ អភិបាលក្រុងច្បារមនថាចាំចុះទៅឆែកមើលព្រោះលោកអត់ដែលបានទៅតាមផ្លូវហ្នឹង។
ជុំវិញការបើកអាជីវកម្មអនឡានដ៏ធំនេះ មហាជនបានធ្វើការរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរយ៉ាងម៉េច បើបង្ក្រាបបានហើយដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បីតែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេងត្រឹមតែ៥០០ទៅ១០០០រៀលគឺចាប់ហើយបញ្ជូនមកតុលាការអនុវត្តទោសរាប់ខែ ហើយខ្លះរត់ការដោះលែងអស់រាប់ពាន់ដុល្លាដើម្បីមានសេរីភាពឡើងវិញ។
អ្នកវិភាគថានេះជាស្តង់ដារច្បាប់ពីរខុសគ្នា ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាព ជៀសវាងអ្នកមានលុយមិនខ្លាចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន ៕
ដោយ ៖ ប៊ុត សារុន