ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង ជួបសំណេះសំណាល ជាមួយអ្នកផ្ទុកមេរោគអេដស៍ ១៥០នាក់
បាត់ដំបង ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ២០២៤ ក្រោមប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេចមិនបានអញ្ជើញមកដោយផ្ទាល់តែសម្តេចតែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងបញ្ជាក់ថាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសពេលនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពី វឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ១៥០គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, សារុង១, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀលផងដែរ៕
ដោយ ៖ សាលី