អាជីវករផ្សារបឹងឈូកប្រមូលផ្ដុំជាថ្មីនៅមុខសាលាខេត្ត ដើម្បីចង់ដឹងពីដំណើរការជួសជុល ឬសាងសង់ផ្សារ ឱ្យមានភាពច្បាស់លាស់

បាត់ដំបង៖ ជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវករផ្សារបឹងឈូក​ប្រមាណ១០០នាក់ បានផ្ទុះការប្រមូលផ្ដុំជាថ្មី នៅមុខសាលាខេត្តបាត់ដំបង ដើម្បីចង់ដឹងពីដំណឹង​នៃដំណើរការជួសជុល ឬសាងសង់ផ្សារច្បាស់លាស់ ព្រោះតាំងពីផ្សារឆេះមកដល់ពេលនេះ ទាំងក្រុមហ៊ុនផ្សារ និងអាជ្ញាធរ នៅតែមិនច្បាស់លាស់​ ពួកគាត់​ស្នើឱ្យអាជ្ញាធរជួយ​និយាយ​ជាមួយ​ក្រុមហ៊ុន កុំអោយយកលុយថ្លៃកន្លែង ដែលបានរៀបចំអោយលក់ដូរបណ្តោះអាសន្ន។

អាជីវករ បានលើកឡើងថា គោលបំណងដែលពួកគាត់បន្តនាំគ្នាមកថ្ងៃនេះ គឺដើម្បីសុំជួប​លោកអភិបាលខេត្តព្រោះដំណោះស្រាយផ្សារដែលឆេះថ្ងៃមុនអត់ទាន់មានដំណឹងថា តើរយៈពេលណាបានជួសជុលអគារហ្នឹង ហើយជួសជុលកម្រិតណា ហើយអាចជួសជុល ឬក៏វាយចោល ឬក៏សាងសង់អោយថ្មី ព្រោះពួកគាត់រងចាំយូរហើយ និងមួយវិញទៀតស្នើឲ្យ​រដ្ឋបាលខេត្ត/ក្រុង ជួយសម្របសម្រួល និង​សហការ​ជាមួយម្ចាស់ផ្សារកុំឲ្យយកថ្លៃឈ្នួល​សម្រាប់ការលក់ដូររបស់ពួកគាត់នៅតាម​សំយាប​ផ្សារក្នុងអំឡុងពេលមិនទាន់ជួសជុលផ្សាររួច។

ជាការឆ្លើយតបនឹងអាជីវករលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ដោយបានការ​អនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត លោកបានមកជួបជាមួយអាជីវករ ដោយបានបញ្ជាក់ថា អាជ្ញាធរពីថ្នាក់ក្រោមទៅដល់ថ្នាក់លើ ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ គឺបានយកចិត្តទុក​ដាក់ខ្លាំង​ណាស់ក្នុងការជួយអាជីវករ ហើយគោលការណ៍​របស់អភិបាលខេត្តលោកបានណែនាំ​ដំបូង​គឺរៀបចំកន្លែងអោយអាជីវករបានលក់ដូរបណ្តោះអាសន្ន ​ហើយចំពោះការសាងសង់ ជំនាញ​កំពុង​ធ្វើការសិក្សា ដូច្នេះលោកសូមអោយអាជីវកររងចាំបន្តិចសិន ព្រោះរាល់ថ្ងៃនេះ​រាជរដ្ឋាភិបាល​ទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ គិតគូរដំបូងគឺសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ​ហើយ​រឿងអីដែល​រឿង​ប៉ុណ្ណេះ​លោកមិន​គិតគូរ​ ដូច្នេះសូមទុកពេលវេលាអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការងារសិន ហើយរឿងដែលក្រុមហ៊ុនយកលុយថ្លៃតូបលក់បណ្តោះអាសន្ន លោកទទួលយកដើម្បី​រាយការណ៍​ជូន​ឯកឧត្តមអភិបាលខេត្ត។

សូមបញ្ជាក់ថា ផ្សារបឹងឈូក​បានឆាបឆេះ​សន្ធោសន្ធៅ​នៅយប់ថ្ងៃទី០៤ខែវិច្ឆិកា រយៈពេលប្រហែល​៥ម៉ោងទើបអាជ្ញាធរបានគ្រប់គ្រងបាន ដោយសារតែអណ្តាតភ្លើងឆាបឆេះជាន់ទី១នៃតួផ្សារ ដែលភាគច្រើនអាជីវករលក់ក្រណាត់ទើបអណ្តាតភ្លើងឆាបឆេះ​លឿន​ពិបាកគ្រប់គ្រង។

គួបញ្ជាក់ផងដែរថា សំណង់អគារផ្សារបឹងឈូកនេះ ​បានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងមានអាយុកាលសំណង់អគាររយៈពេល ៣២ឆ្នាំមកហើយ ៕

CATEGORIES
Share This