ប្រជាពលរដ្ឋរអ៊ូរទាំបញ្ហាសម្រាម និងដី ជ្រុះរាយប៉ាយហុយពេញផ្លូវបេតុង និងផ្លូវជាតិលេខ៥៨ នៃក្រុងប៉ោយប៉ែត បង្កបញ្ហាដល់អ្នកដំណើរ និងសុខភាព

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ និងរស់នៅសងខាងផ្លូវបេតុង ពីផ្លូវបំបែកផ្លូវផ្សារសមាគមឆ្ពោះទៅផ្លូវជាតិលេខ៥៨ និងកំណាត់នៃផ្លូវជាតិលេខ៥៨ ដែលស្ថិតនៅក្នុងសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រអ៊ូរទាំពីការលំបាកខណៈដែល ផ្លូវទាំងពីខ្សែល្អស្អាត់ បែរជាមានសម្រាមនិងដី ជ្រុះរាយប៉ាយពេញផ្លូវ បណ្តាលអោយប៉ើងសម្រាម និងហុយចូលផ្ទះ ពេលមានខ្យល់ឬរថយន្តធ្វើចរាចរ។

តាមការអោយដឹង ពីប្រជាពលរដ្ឋដែលរស់សងខាងផ្លូវក៏ដូចជាអ្នកធ្វើចរាចរតាមផ្លូវខាងលើ ដោយសុំមិនបញ្ចេញឈ្មោះ និងរូប បានអោយដឹងថា ផ្លូវបេតុងដែលមានសម្រាម និងដីរាយប៉ាយពេញផ្លូវ រហូតដល់លើផ្លូវជាតិលេខ៥៨ គឺ ជាផ្លូវបេតុងដែលទើបស្ថាបនារួចពីផ្លូវដី លុះមួយរយៈចុងក្រោយ នៃខែវស្សានិងកត្តិកនេះមានរថយន្តដឹកសម្រាម និងរថយន្តដឹកដី បានជ្រុះដី និងសម្រាម រាយប៉ាយតាមផ្លូវយ៉ាងឆ្ងាយដល់លើផ្លូវជាតិ ។ ជាមួយគ្នានោះ ស្របពេលដែលរដូវរំហើយមកដល់ គ្មានភ្លៀងក៏ធ្វើអោយសម្រាម និងដីលើផ្លូវទាំងនោះ ត្រូវខ្យល់បក់ផាត់និងជាពិសេស ពេលមានរថយន្តចរាចរឆ្លងកាត់ គឺ ហុយដីចូលភ្នែកច្រមុះ ពីបាកដកដង្ហើម និងម៉្យាងទៀតហុយទាំងដី និងសម្រាមចូលពេញផ្ទះ ដូចកាលពីផ្លូវនេះនៅជាផ្លូវឌីហុយអញ្ចឹង។ក្រៅពីដីហុយ សម្រាមរាយប៉ាយ ដូចទីលានចាក់សម្រាម គឺ ពួកគាត់ជួបនៅបញ្ហាក្លិនស្អុយពីរថយន្តដឹកសម្រាម និងក្លិនស្អុយពីទីលានចាស់នៃកន្លែងចាក់សម្រាម ដែលនៅក្បែរភូមិ ក៏ដូចជាគំនរសម្រាមដែលមិនដឹងពលរដ្ឋពីណា យកមកចោលតាមចិញ្ចើមផ្លូវ។

ជុំវិញសម្រាមរាយប៉ាយ តាមដងផ្លូវនិងក្លិនស្អុយបង្កអោយប៉ះពាល់សណ្តាប់ធ្នាប់ និងបរិស្ថាននេះ ពួកគាត់សំណូមពរដល់អាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធមេត្តាជួយមានវិធានការ ដោះស្រាយដើម្បីអោយសមស្របទៅអ្វី ដែលក្រុងប៉ោយប៉ែត កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស នូវផ្លូវថ្នល់ជាបេតុង និងអាគារខ្ពស់ៗក៏ដូចជាស្របតាមគម្រោងទីក្រុងគួរចង់រស់នៅក្រុងប៉ោយប៉ែតនាពេលខាងមុខ។

ជុំវិញបញ្ហានេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយអ្នកព័ត៌មានយើងដឹងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា លោកបានចាត់វិធានការអោយក្រុមហ៊ុនប្រមូលសម្រាមក្រុងប៉ោយប៉ែត យកគ្រឿងចក្រឈួសនិងបាញ់ទឹក លាងសម្អាតផ្លូវបេតុង និងផ្លូវជាតិលេ៥៨ ដែលរថយន្តដឹកសម្រាមជ្រុះរាយប៉ាយជាច្រើនខែ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ធ្វើយ៉ាងណាអោយស្អាតក្នុងរយៈពេលមួយសប្តាហ៍ ៕

CATEGORIES
Share This