ខេត្តប៉ៃលិនប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ប៉ៃលិន ៖ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន កាលពី នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២៤ បានប្រារព្ធមិទ្ទីញអបអរសាទរ បុណ្យខួប អនុស្សាវ រីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

ថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន មានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារឰមិទ្ទីញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើត នៃ កងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវា កំណើត កងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរ យើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិ សាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧១ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាន នូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហានដែលប្រសូត្រ ចេញ ពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បី បម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ តែងតែចងចាំ ជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាល ជ្រៅ របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និង ព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គម ជាតិ ហើយព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួម គ្នា វិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ មាន តម្លៃ ពុំឤចកាត់ថ្លៃបាន ពិសេស ព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិ ខ្មែរ ទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក ៕

ក្នុងការប្រារព្ធមិទ្ទីញនាឱកាសនោះ គណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្តតំណាងកងកម្លាំងប្រដាប់ អាវុធ ទាំង បី ប្រភេទ តំណាងផែនមន្ត្រីរាជការ និងស្ថាប័នផ្សេងៗ ក៏បានដាក់កម្រងផ្កា នៅវិមានឯករាជ្យខេត្ត ដើម្បីគោរព វិញ្ញាណ ក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពី របបអាណានិគមនិយមបារាំង ពិសេស គោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និង ធ្វើពលីជីវិត ក្នុងការរំដោះប្រជាជន កម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ផងដែរ ៕

CATEGORIES
Share This