ជនជាតិថៃ ០៤នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន

បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ០៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពី រកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។

ពិធីប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនឹងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ឋានៈនាយរងផ្នែក និងខាងភាគីថៃដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក ANUSARA THAINGTHAM ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

ជនជាតិថៃដែលត្រូវបានបញ្ជូនចេញខាងលើ មានចំនួន០៤នាក់ ស្រី០១នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ ៕

CATEGORIES
Share This