មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខផ្តល់ជូនសាខាកាកបាទក្រហមជាលើកទី២

បាត់ដំបង ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក ងី សែត ជាអនុប្រធានគណៈកម្មាធិការសាខា និងសហការី
បានអញ្ជើញទទួលអំណោយមនុស្សធម៌ រួមមាន បច្ឆ័យ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាលើកទី២ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយព្រះគ្រូពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុង និងសហការី ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ តំណាងតាមបណ្តាវត្តទាំង២៨នៃគណមហានិកាយ ក្នុងក្រុងបាត់ដំបងផងដែរ។

បន្ទាប់ពីបានបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យចប់សព្វគ្រប់ហើយ ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមានឯកឧត្តម សុខ លូ ជាប្រធានៈគណកម្មាធិការសាខា បានអនុញ្ញាតឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទបានចូលរួមចំណែកធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយជាចាំបាច់។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ក្នុងនាម ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ងី សែត  បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការវត្តក្នុងក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

បន្ថែមពីនេះលោកបានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ។

ហើយអំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖ បច្ច័យ ១,៨០០,០០០ រៀល ,អង្ករ ១,៣១០គីឡូក្រាម ,មី៤៧ កេស ,ទឹកត្រី ៣៩យួរ, ទឹកស៊ីអ៊ីវ ៣៧យួរនិងគ្រឿងឧបភោគ-បរិភោគ រួមជាមួយសម្ភារប្រើប្រាស់សរុប ១១មុខផ្សេងទៀតផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This