ក្រុមជនសង្ស័យ លួចកាត់ខ្សែភ្លើងយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន បាន០២នាក់

បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅវេលាម៉ោង ១២និង១១ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួច( កាត់យកខ្សែភ្លើង )០១លើក និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី០១-ឈ្មោះ លុច ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង /ទី០២-ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ  និងបានដកហូតវត្ថុតាងរួមមាន ៖, រទេះ ចំនួន០១ , ខ្សែភ្លើងមួយចំនួន ,ពិលពាក់ក្បាល០២ និងដង្កាប់ ១ ។

លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ២៣និង៥២នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣និង០០នាទី នៅចំណុចចំណតរថយន្តក្រុងផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពួកគេបានធ្វើសកម្មភាពចូលទៅកាត់យកខ្សែភ្លើងបានប្រហែល២៥ម៉ែត្រ ទើបកម្លាំងយើងធ្វើការនាំខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This