ជនជាតិថៃ ៤នាក់ ត្រូវបានសម្លាប់ នៅជិតព្រំដែនអ៊ីស្រាអែល-លីបង់
រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នៅថ្ងៃសុក្រ បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ជនជាតិថៃ៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ដោយសារការបាញ់គ្រាប់រ៉ូកែត នៅជិតទីប្រជុំជន Metula ជិតព្រំដែន រវាងប្រទេសលីបង់ និងអ៊ីស្រាអែល។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ជនជាតិថៃចំនួន ៤១នាក់ស្ថិតក្នុងចំណោមមនុស្ស ១.២០០នាក់ ដែលត្រូវបានសម្លាប់នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារឆ្លងកាត់ព្រំដែនអ៊ីស្រាអែល។ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។
យោងតាមអាជ្ញាធរថៃបានឲ្យដឹងថា ជនជាតិថៃចំនួន ៣០នាក់ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងពេលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយ ៦នាក់ត្រូវបានគេជឿថា នៅតែស្ថិតក្នុងការឃុំខ្លួន នៅឡើយ។
ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារចាប់តាំងពីពេលនោះមក បានដាក់គោលដៅទៅកាន់ទឹកដីប៉ាឡេស្ទីននៃតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ អ៊ីស្រាអែលក៏បានបើកការវាយប្រហារលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់ផងដែរ៕