ឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យ៨នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (វាយប្លន់ម៉ូតូ)

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួននិងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (វាយប្លន់ម៉ូតូ) ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ក្រោយទទួលពាក្យបណ្ដឹងរបស់ឈ្មោះ សឿនស្រីនាងភេទស្រី អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់សុភ័ក្រភេទប្រុស អាយុ១៦ឆ្នាំ បានធ្វើការប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូ ដោយប្រើហិង្សាប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមមក កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានថា ពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ រួមមាន ៖ ១-ឈ្មោះ រុនញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ សាទវីរ៉ាភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះហុងលីហួរ (ហួរជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ , ៤-ឈ្មោះ ជា គាន់(ថេត ,ណូជ័រ) ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ សោភាដារិទ្ធ(ស្វេក)ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ឈ្មោះ គាមសល់(សីហា) ភេទប្រុស អាយុ១៩ឆ្នាំ, ៧-ឈ្មោះ ញ៉ែមគឹមឈាន់ភេទប្រុស អាយុ១៥ឆ្នាំ, ៨-ឈ្មោះ សំអ៊ុនសេងលីភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ម៉ូតូ៥គ្រឿង និងទូរសព្ទ ២គ្រឿង ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន ពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This