ជនជាតិដើមភាគតិច ប្តឹងមេប៉ុស្ដិ៍ឃុំតាអង ទៅតុលាការខេត្តរតនគិរី ករណីដោះលែងអ្នកកាប់បំផ្លាញព្រៃអារ័ក្ស ពេលដែលរដ្ឋចាប់បាន

រតនគិរី ៖ ជនជាតិដើមភាគតិចគ្រឹង ចំនួន៤រូប តំណាងឲ្យពលរដ្ឋ ចំនួន១៩២នាក់ នៅភូមិតាអង កាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានសម្រេច ដាក់ពាក្យប្តឹង មេប៉ុស្ថិ៍រដ្ឋបាលឃុំតាអង ឈ្មោះ លីម៉ានី គុលស័ក្ត  និងអ្នកពាក់ព័ន្ធក្នុងការកាប់បំផ្លាញ់ព្រៃឈើមួយចំនួន ទៅសាលាដំបូងខេត្ត ចោទប្រកាន់ពីបទសមគំនិត និងកាប់ព្រៃអារ័ក្ស ពួកគាត់ទាំងមេប៉ុស្តិ៍ថា មិនបានដោះលេងទេ ។

យោងតាមពាក្យបណ្តឹងរបស់តំណាងពលរដ្ឋចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០៤ និងតាមការអោយដឹងពីតំណាងពលរដ្ឋទាំងបួននាក់ បានអោយដឹងថា កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២ទាបភ្លឺ ប្រជាសហគមន៍ និងប្រជាការពារភូមិ តាអងកាតេប្រមាណចំនួន ៨នាក់ និងពលរដ្ឋចំនួន១៩២នាក់ បានទៅឡោមព័ទ្ធចាប់ជនដៃដល់ម្នាក់ គឺឈ្មោះ កំភិត តាក់ រួមនិង រណាយន្ដ១គ្រឿង ដែលកំពុង តែធ្វើសកម្មភាពកាត់ផ្តួលឈើ៦០ដើម ក្នុងព្រៃអារ័ក្ស។

នៅមុខប្រជាសហគមន៍ ជនសង្ស័យបានសារភាពថា ខ្លួនអ្នកសុីឈ្នួលឲ្យឈ្មោះ សាអួយ ប៉ងទេ ។ ភ្លាមៗនោះ កម្លាំងសហគមន៍បានធ្វើការនាំខ្លួន និងរណាយន្ដមួយគ្រឿង យកទៅប្រគល់ ឲ្យមេប៉ុស្ដិ៍តាអង ដើម្បីឲ្យជួយចាត់វិធានកាតាមផ្លូវច្បាប់។ ស្រាប់តែព្រឹកថ្ងៃដដែលនោះកម្លាំងសហគមន៍ បាននាំគ្នាទៅប៉ុស្ដិ៍តាអងម្ដងទៀត ដើម្បីចង់មើលចំណាត់ការលោកមេប៉ុស្ដ៍ ទៅលើបុរសកំហូចនោះ ប៉ុន្ដែរកមើលមិនឃើញបុរសនោះទេ តំណាងសហគមន៍ក៏សួរទៅមេប៉ុស្ដិ៍ រកជនសង្ស័យ តែមេប៉ុស្តិ៍លោកឆ្លើយយ៉ាងខ្លីថា បានដោះលែងឲ្យគេទៅវិញហើយ។

ករណីដោះលែងជនសង្ស័យឈ្មោះខាងលើនោះ បានធ្វើឲ្យប្រជាពលរដ្ឋជិត២០០នាក់ ខឹងសម្បារនិងកើតទុក្ខមិនសុខចិត្ដទេ រួចបានទៀមទារ ឲ្យអាជ្ញាធរឃុំតាអង តាមរកចាប់បុរសនោះមកវិញ តែពេលវេលាបានកន្លងផុតទៅជាបន្តបន្ទាប់ នៅតែមិនទាន់ឃើញសមត្ថកិច្ចចាប់បុរសនោះយកមកវិញនៅឡើយ ទើបនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ តំណាងសហគមន៍៤រូប រួមមាន ៖ ឈ្មោះ កាឡៃ ចាំព្លី , ឈ្មោះ ឌី ជួញ ឈ្មោះ ខាំ រំ , ឈ្មោះ សានី បូរី បានសម្រេចដាក់ពាក្យប្ដឹង មេប៉ុស្ដិ៍តាអង គឺលោក លីម៉ានី គុលស័ក្ដ និងអ្នកពាក់ព័ន្ធមួយចំនួន ទៅអយ្យការ អមសាលាដំបូងខេត្ត រតនគិរី  ដើម្បី ឲ្យជួយមានវិធាការតាមនីតិវិធីច្បាប់ ។

ជុំវិញការប្តឹងចោទលោក លីម៉ានី គុលស័ក្ត  មេប៉ុស្តិ៍នគរបាលតាអន លោកបានអោយដឹងតាមរយៈប្រព័ន្ធតេលេក្រាម កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះថា លោកមិនបានដោះលែងជនសង្ស័យដូចការប្តឹងចោទប្រកាន់លោកទេ គឺ ដោយសារលោកជាប់ប្រជុំបីថ្ងៃ លោកបានប្រគល់ជនសង្ស័យ ទៅអោយលោកមេឃុំ ហើយលោកមេឃុំថា ចាំអោយរដ្ឋបាលព្រៃឈើ មកយកហើយលោកមេឃុំជាអ្នកដោះលែង ៕

CATEGORIES
Share This