រដ្ឋបាលក្រុងបាត់ដំបង ចុះសិក្សាគ្រោងបើកផ្លូវលេខ ១០៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

បាត់ដំបង ៖ ដោយមើលឃើញពីភាពចាំបាច់ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបាត់ដំបង ដែលមានលោក សេក ចន្ត្រា ជាអភិបាលរងក្រុង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសិក្សារគ្រោងបើកផ្លូវលេខ ១០៤ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក សេក ចន្ត្រា អភិបាលរងក្រុងបានបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរនៃរដ្ឋបាលក្រុងចុះពិនិត្យសិក្សាគ្រោងបើកនាពេលនេះជាប្រភេទផ្លូវដឿងហែម ដែលផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវលេខ ១០៤ មកផ្លូវលេខ ១១៧ ស្ថិតនៅភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងផ្លូវលេខ ១០៤A តភ្ជាប់ពីផ្លូវលេខ ១៣៩ មកផ្លូវលេខ ១៥៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលក្រុងបាត់ដំបង ក៏សូមអំពាវនាវទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅអមសងខាងផ្លូវ សូមអោយចូលរួមសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីអោយដំណើរការនៃការបើកផ្លូវខាងលើនេះបានល្អប្រសើរនិងមានភាពរលូន ៕

ដោយ ៖ សាលី

CATEGORIES
Share This