ពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ
បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង ផ្តល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ មកពីសង្កាត់ព្រែកព្រះស្ដេច និងសង្កាត់ចំការសំរោង ក្នុងក្រុងបាត់ដំបង។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្នុងនាមសម្តេចក្រឡាហោម សខេង និងក្នុងនាមក្រុមក្រឡាហោមមនុស្សធម៌ទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះគណកម្មាធិការគណបក្សប្រជាជនទាំងពីរសង្កាត់ដែលបានរៀបចំនិងបង្កលក្ខណៈសម្បត្តិអោយក្រុមការងារបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន មកជួយចែករំលែកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នាថ្ងៃនេះ និងជាលើកទី៥ផងដែរ ដែលនេះជាសកម្មភាពសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម សខេង ដែលលោកតែងតែបានណែនាំអោយក្រុមការងារមនុស្សធម៌ចូលរួមចែករំលែកដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្រៅពីនោះក៏មានក្រុមការងារសមាគមមនុស្សចាស់ ក៏តែងតែធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់បងប្អូនផងដែរ។
ឯកឧត្តមមានប្រសាសន៍បន្តថា ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម សខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានផ្តាំផ្ញើពាំនាំប្រសាសន៍សួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបាត់ដំបង ដែលតែងតែគាំទ្រចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយក្នុងនាមឧត្តមដែលជួសមុខអោយក្រុមក្រឡាហោមមនុស្សធម៌ទាំងអស់ សូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋបន្តការជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ព្រមទាំងឥស្សរជនធំៗដែលតែងតែដុតដៃដុតជើងយ៉ាងសកម្មដើម្បីដឹកនាំប្រទេស ក៏ដូចជាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើងដែលឈានដល់កម្រិតមួយដើម្បីកាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនមួយគ្រួសារមាន,អង្ករ១ការ៉ុង ,មី១កេស ,ទឹកស៊ីអ៊ីវទឹកត្រី១យួរ ,ត្រីខ១យួរ ,ទឹកសុទ្ធ២កេសនិងកន្សែងពោះគោ១ ៕
ដោយ ៖ សាលី