មន្ត្រីជំនាញ ចុះយុទ្ធនាការផ្សព្វផ្សាយចរាចណ៍ផ្លូវគោក ក្នុងពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរសាទរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសហការជាមួយមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចណ៍ផ្លូវគោកខេត្ត បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជនឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ,ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរតាមយានយន្ត ,បើកបរត្រូវចេះអធ្យាស្រ័យគ្នា ,មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនលើសល្បឿនកំណត់ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមគោរពសិទ្ធិជនពិការ ជាពិសេសគឺការចូលរួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”។
លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត តំណាងឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។
បន្ថែមពីនេះ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា សាខាខេត្តតែងតែបានសហការជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មន្ទីរពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត ក្រុងស្រុក បានចូលរួមលើកកម្ពស់ការងារសុវត្តិភាពចរាចណ៍ផ្លូវគោកជាមួយគ្នានេះដែលក្រុមការងារបានចែកខិតបណ្ណ ចំណាំងផ្លាស់ និងឯកសារមួយចំនួន ព្រមទាំងមានសំនួរចម្លើយដើម្បីយកមួកសុវត្ថិភាពផងដែរ ៕
ដោយ ៖ សាលី