ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ០៧នាក់ ពាក់ព័ន្ធករណី ធ្វើទារុណកម្មលើជនជាតិចិនម្នាក់ បណ្តាលឲ្យស្លាប់

ប៉ៃលិន ៖ ជនសង្ស័យជាជនជាតិចិន និងខ្មែរ ចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណី ធ្វើទារុណកម្មលើជនជាតិចិនម្នាក់ បណ្តាលឲ្យស្លាប់ កាលពីអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ ករណី មានជនជាតិចិន បានស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០នាទីព្រឹក ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងបន្ទាប់ពីមានបទបញ្ជាពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងនគរបាលខេត្តប៉ៃលិន, នគរបាលខេត្តពោធិ៍សាត់, កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន រហូតកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ និងឈានដល់ឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ រួមមាន ៖ ១-ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន, ២-ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន, ៣-ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), ៤-ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន, ៥-ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន, ៦-ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៧-ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន) ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This