មុខសញ្ញាឆ្កឹះសោទ្វារផ្ទះ ចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ

បាត់ដំបង ៖ មុខសញ្ញាឆ្កឹះសោទ្វារផ្ទះ ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកបានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ខៃ ដែន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣និង០៥នាទី បានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះរបស់ជនរងគ្រោះ ឈ្មោះ រុន បញ្ញ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបានយកទូរស័ព្ទដៃស៊េរីចាស់០៧គ្រឿង ,ដុំសាកថ្មទូរស័ព្ទដៃ០៥ គ្រឿង , កាសស្តាប់០៧គ្រឿង ,ម៉ាស៊ីនមីក្រូស្កូប ០១គ្រឿង និងឆ្នាំងសាកមួយចំនួន ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាក HONDA ZOOMER-X ពាក់ស្លាកលេខ ភ្នំពេញ 1FV-1642 បន្ទាប់មកបានធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This