ជនសង្ស័យដែល វាយសម្លាប់ប្អូនប្រុសបង្កើត រហូតដល់ស្លាប់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ក្រោយរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើចបជីក វាយសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួន រហូតដល់ស្លាប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន បានហើយ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ជឿមស្រីអូន (យ៉ា) ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ឃាតកម្ម ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយឈ្មោះ ស្រង់សុវណ្ណភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពយកចបជីក វាយទៅលើក្បាលប្អូនបង្កើតរបស់ខ្លួនឈ្មោះ ស្រង់នុត្រា (ឡុង) ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន០៣កន្លែង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ។ ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញបានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១០និង០៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រង់សុវណ្ណ នៅចំណុច ផ្សារដំរីឆ្លង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងធ្វើការប្រគល់-ទទួលយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

លោកបន្តថា តាមចម្លេីយសារភាពរបស់ជនសង្ស័យ រូបគេមានបងប្អូនបង្កើតចំនួន០៧នាក់ គេជាកូនទី៦ ចំណែកប្អូនពៅឈ្មោះ ស្រង់នុត្រា (ហៅ ឡុង ជនរងគ្រោះ)។ ហើយរូបគេតែងតែឈ្លោះគ្នាជាមួយនឹងប្អូនពៅរបស់គេអស់រយៈពេលប្រហែល៦ឆ្នាំមកហើយ។ ហើយការឈ្លោះរវាងរូបគេ និងប្អូនពៅ គឺបណ្តាលមកពីប្អូនពៅតែងតែច្រណែនជាមួយរូបគេ ដែលស្នាក់នៅជាមួយម្តាយបង្កើតមិនបែកផ្ទះ ហើយខ្លាចរូបគេទទួលបានទ្រព្យសម្បត្តិរបស់ម្តាយទៀតផង។ ហើយជម្លោះនេះក៏ត្រូវបានសមត្ថកិច្ចធ្លាប់ហៅទៅធ្វើការអប់រំណែនាំម្តងរួចមកហើយដែរ។ ដោយឡែកនៅថ្ងៃកេីតហេតុ រូបគេ(ជនសង្ស័យ) បានទាស់ពាក្យសម្តីជាមួយប្អូនពៅ (ជនរងគ្រោះ) ហេីយរូបគេក៏បានចាប់ទាញយកចបជីក ដែលមានប្រវែងប្រហែលជាងមួយម៉ែត្រ នៅក្បែរគេ វាយទៅលើក្បាលជនរងគ្រោះ ត្រូវចំពីក្រោយក្បាល ហេីយបានបន្តវាយបន្ថែមមួយចបជីកទៀត ត្រូវចំកញ្ចឹងកខាងក្រោយ បណ្តាលឱ្យដួលទៅលើដីផ្ងាក្រោយ ហើយបានវាយថែមមួយចបជីកទៀត បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បញ្ជាក់ថា ផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕

CATEGORIES
Share This