ឯកឧត្តម ហ៊ឹម វិបុលប្ញទ្ធិ៍ និងឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយសម្តេចមហាបវរធិបតី ប្រគេនព្រះសង្ឃចំនួន ៣៥វត្ត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ឹម វិបុលប្ញទ្ធិ៍ រដ្ឋលេខាធិការតំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងលោក លោកស្រីអាជ្ញាធរមូលដ្ឋានក្រុងសិរីសោភ័ណ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅតាមបណ្ដាវត្តមួយចំនួន និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃចំនួន៣៥វត្ត នៅខេត្តបន្ទាយមានជ័យ ក្រោយពេលរដូវភ្ជុំបិណ្ឌ ពិធីនេះប្រារព្ធធ្វើនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជាប្រគេនដល់ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ពីការលំបាក ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ។

ឯកឧត្តមបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។

នៅក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានប្រគេននូវទេយ្យទានដល់វត្តចំនួន ៣៥វត្ត គណៈមហានិកាយ ចំនួន ៣២វត្ត និងគណៈធម្មយុត្តិកនិកាយចំនួន ០៣វត្ត នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ  ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន៣០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រះមេគណទាំង២គណៈតំណាងព្រះមន្រ្តីសង្ឃនិងពុទ្ធបរិស័ទ ទាំង ៣៥វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាក ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ អាត្មាភាពសូមបួសងសួងវត្ថុសក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូលក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕

CATEGORIES
Share This