មួក​សុវត្ថិភាព​មួយ​ ជួយការពារជីវិតបានម្នាក់

បន្ទាយមានជ័យ ៖ មួក​សុវត្ថិភាព​មួយ​ ជួយការពារជីវិតបានម្នាក់ នេះ​គឺជា សារលើកឡើងរបស់​លោក សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ ដើម្បីជាជំនួយស្មារតីស្តីពី​ ច្បាប់ចរាចរណ៍ផ្លូវគោក​។

លោក សុក​ ចាន់ថា​ បានលើកឡើងក្នុងឱកាសដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ សំខាន់ៗ​ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ​  គោលបំណង នៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍
កាលពី​ព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅមុខមន្ទីរនាផ្លូវជាតិលេខ​៥ ។

មន្រ្តីជំនាញ បានធ្វើការណែនាំ​ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវ ឲ្យមានការយល់ដឹងបន្ថែមទៀត​ ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ពិសេសការបើកបរទៀតត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

លោកសុក​ ចាន់ថា​ បញ្ជាក់ថា​ បើតាមការសង្កេត បានឲ្យដឹងថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់​ ជាងអ្នកបើកបររថយន្ត​ ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួសនិងអ្នកស្លាប់ និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត ។ ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង​ ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ​ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ កុំបើកបរហួសល្បឿនកំណត់កុំបើកបរពេលកំពុងស្រវឹង​ មានសុជីវធម៌អធ្យាស្រ័យ​ ចំពោះអ្នកបើកបរ ឬប្រើប្រាស់ផ្លូវដូចគ្នា​ សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯង ក៏ដូចជា អ្នកដទៃ។

ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ​ មន្ត្រីរបស់លោក ក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅ ស្តីពី ច្បាប់ចរាចរណ៍​ បិទចំណាំងប្លាត​ សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ​ ដែលពុំបានពាក់មួកសុវត្ថិភាព​ និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ផងដែរថា រយៈពេលមួយព្រឹកនេះ ជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង​ ៣៥%​ ប៉ុណ្ណោះ​ ៕

CATEGORIES
Share This