អាជ្ញាធរខេត្តកំពង់ស្ពឺផ្តល់អាហារូបករណ៍ដល់កូនអ្នករត់ម៉ូតូកង់បី(ផាស្អេប) ក្រោយបញ្ចប់ទុតិយភូមិ

កំពង់ស្ពឺ៖អាជ្ញាធរខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថាលោកមានគម្រោងផ្តល់អាហារូបករណ៍ដល់កូនចៅបងប្អូនជាអ្នករត់ម៉ូតូកង់បី(ផាស្អេប)នៅក្នុងខេត្តកំពង់ស្ពឺ ក្រោយបានប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ។ការណ៍នេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូកង់បីប្រមាណជិត២០០នាក់នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដើម្បីលើកកម្ពស់នៃការអប់រំដល់យុវជនក្នុងខេត្តកំពង់ស្ពឺឱ្យទទួលបានការសិក្សាដល់ថ្នាក់ឧត្តម ពិសេសសិស្សនិស្សិតក្រីក្រនិងកូនចៅអ្នករត់ម៉ូតូកង់បី រដ្ឋបាលខេត្តនិងជួយជ្រោមជ្រែងដោយផ្តល់អាហារូបករណ៍ឱ្យពួកគេបានរៀនសូត្ររហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។ជាងនេះប្រសិនជាសិស្សនិស្សិតមិនចង់បន្តទៅរៀននៅថ្នាក់ឧត្តមសិក្សានោះទេ ហើយងាក់ទៅរកជំនាញណាមួយដើម្បីឈោងចាប់ឱកាសការងារ អាជ្ញាធរខេត្តក៏នឹងមានសាលាពហុបច្ចេកវិទ្យាដែលផ្តល់ឱ្យសិស្សនិស្សិតអាចសិក្សាដោយឥតគិតថ្លៃផងដែរ។

ចំពោះសិស្សនិស្សិតក្រីក្រ ក្រៅពីសិក្សាដោយឥតគិតថ្លៃហើយនោះក៏និងទទួលបានប្រាក់ឧបត្ថម្ភត្រឡប់មកវិញចំនួន២៨ម៉ឺនរៀលក្នុងមួយខែពីរាជរដ្ឋាភិបាលផងដែរដើម្បីដោះស្រាយនិងសម្រាលដល់ការសិក្សានេះ ហើយក្រោយបញ្ចប់វគ្គសិក្សា សិស្សនិស្សិតនិងក្លាយទៅជាអ្នកជំនាញច្បាស់លាស់ដែលអាចទទួលបានការងារល្អក្នុងស្រុកនិងឱកាសការងារនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់។នៅក្នុងជំនួបនោះដែរ អភិបាលខេត្តកំពង់ស្ពឺក៏បានណែនាំដល់បងប្អូនជាអ្នករត់ម៉ូតូកង់បីទាំងអស់ឱ្យរួមគ្នាដើម្បីបង្កើតជាសមាគមន៍មួយដែលអាចជួយគ្នានៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង។ទន្ទឹមនេះដែរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតអ្នកបើកបរនិងអ្នករួមដំណើរ។ជួយរាយការណ៍រាល់ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចនៅតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់ ។ ជាមួយគ្នានេះ ប្រសិនបើមានករណីភ្ញៀវមានការភ្លេចឬជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលការប្រគល់នេះជាទង្វើល្អស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរសម្រាប់ក្រុមគ្រួសារ។

CATEGORIES
Share This