ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារក្នុងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា (កែ ស៊ីនួន)

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចនៅ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ សុីនួន ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល និងបានប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន យុវនារី ដែលបានបញ្ចប់វគ្គសិក្សាចំនួន៩១នាក់ព្រមទាំងបានផ្តល់ប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកបម្រើការងារក្នុងមជ្ឈមណ្ឌល សរុប៤៩នាក់។

ឯកឧត្តមវេជ្ជបណ្ឌិត កែ សុីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ សុីនួន បានលើកឡើងថា មជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ សុីនួន គឺជាកន្លែងទទួលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២ ក្រោមការអញ្ជើញដាក់អោយដំណើរការពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងសម្ភោធដាក់អោយដំណើរការជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះមានជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ១៣៣១នាក់ (ស្រី ៧៤នាក់) បានចូលមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ក្នុងនោះបានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៩១៦នាក់ (ស្រី ៥៥នាក់) នៅសល់ជាក់ស្តែងចំនួន៤១៥នាក់ (ស្រី ១៩នាក់) ។

ឯកឧត្តមប្រធានមជ្ឈមណ្ឌល បានបញ្ជក់អោយដឹងទៀតថា មជ្ឈមណ្ឌលដំណើរការទៅបានគឺមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្ត និងស្ថាប័ន អង្គការ ដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធនានា ពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងក្នុងទិសដៅរួមគឺ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀន ដែលជាក្តីកង្វល់រួមរបស់រាជរដ្ឋាភិបាល សង្គមជាតិ សហគមន៍ និងក្រុមគ្រួសាររបស់ជនរងគ្រោះដែលមានកូនចៅសាច់ញាតិញៀនគ្រឿងញៀននោះ។

ក្នុងឱកាសនោះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ សុីនួន ដែលបានបន្សាបបងប្អូនអ្នកញៀនគ្រឿងញៀន ពិសេសបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនដល់ប្អូនៗដែលមកព្យាបាល និងទទួលការស្តារនីតិសម្បទានៅទីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗផ្ទាល់ដើម្បីផ្តាច់គ្រឿងញៀនដើម្បីគ្រួសារ និងសង្គមជាតិយើង។

កម្មវិធីការងាររបស់មជ្ឈមណ្ឌលរួមមានអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការអប់រំផ្នែកចិត្តសាស្ត្រ និងវេជ្ជសាស្ត្រ ដោយគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្ត ការអប់រំសុខភាព និងអនាម័យ ជម្ងឺកាមរោគ និងជម្ងឺអេដស៍ ការអប់រំតាមផ្លូវព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ការបង្កើតឱ្យមានក្រុមមិត្តជួយអប់រំមិត្ត ការពិគ្រោះយោបល់មួយទល់និងមួយជាមួយជនរងគ្រោះ និងការបង្រៀនភាសាបរទេស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ដល់យុវជន-យុវនារី ទាំងអស់ដែលមកទទួលការព្យាបាល និងស្តារនីតិសម្បទា តាមជំនាញនីមួយៗ មានចំនួន ០៨ជំនាញ ៕

ដោយ ៖ សាលី

CATEGORIES
Share This