នាយិកា និងលោកគ្រូ-អ្នកគ្រូ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈអាចរកកម្រៃបាន
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីមានការយកចិត្តទុក្ខដាក់ពីនាយិកា និងលោកគ្រូ អ្នកគ្រូ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗអាចរកកម្រៃបាន ដែលទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ។
សិស្សានុសិស្សនៅសាលាបឋមអនុវត្ត បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិកាបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមី។ ដោយពួកគាត់បានសម្ដែងនូវមតិស្រដៀងៗគ្នា។
អាណាព្យាបាលសិស្ស បានលើកឡើងថា សាលាបានរៀបចំឱ្យមានបំណិនជីវិត គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដោយឱ្យពួកគាត់យល់ដឹងនៅតម្លៃ និងពេលវេលា របស់ពួកគាត់ ហើយជាពិសេសគឺការដាំបន្លែគ្មានជាតិគីមី ក៏ជាសារៈសំខាន់សម្រាប់គ្រួសារ និងមនុស្សទូទាំងប្រទេសយើងទាំងមូល។
លោកស្រី រស់ ស៊ីថា នាយិកាសាលាបឋមសិក្សាអនុវត្តន៍ បានឱ្យដឹងថា សាលាបានបង្កើតឱ្យមានបំណិនជីវិត គឺគោលបំណងសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី និងរបស់កែច្នៃសម្ភារៈផ្សេងៗ ដែលអាចរកកម្រៃបាន គោលបំណងសំខាន់នោះ មិនត្រឹមតែឱ្យគាត់ចេះដាំបន្លែនោះទេ គឺបានបង្ហាត់បង្រៀនឱ្យគាត់ចេះលក់ដូរ និងក្រោយពីសម្រាកពីការសិក្សា អាចឆ្លៀតដាំបន្លែនៅផ្ទះបានថែមទៀតផង។ ដោយថវិកាដែលទទួលបានពីការលក់ដូរ ប្រគល់ជូនពួកគាត់សម្រាប់ទិញសម្ភារៈសិក្សា និងជួយដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តនេះផងដែរ ៕