គ្រឿងញៀន ៣វ៉ាលី.បម្រុងឆ្លងដែនចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវតម្រួតថៃបង្រ្កាប់បាន

បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្ទាក់បង្រ្កាបបានទាន់ពេល នូវគ្រឿងញៀនជាច្រើនដុំ រុំលាក់ទុកក្នុងវ៉ាលី ធ្វើដំណើរចំនួន៣ធំៗ បម្រុង​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា តាម​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

ហេតុ​ការណ៍​នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅចំណុច​លើ​ស្ពាន​ព្រំដែន​​កម្ពុជា-ថៃ ក្នុង​ភូមិក្បាល់ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីសមត្ថកិច្ច​ បាន​បញ្ជាក់​ថា នៅមុន​ពេល​បង្ក្រាបនោះ មាន​កម្មករអូស​រទេះ​ បានទទួលវ៉ាលី ចំនួន៣ធំៗ ជា​របស់​អ្នក​ដំណើរ​ចាកចេញ​ពីប្រទេសថៃ ​ចូលមកកាន់កម្ពុជា ដោយមាន​ការ​សង្ស័យ​ អំពី​អាកប្បកិរិយា​មិន​ប្រក្រតី​របស់​ភ្ញៀវ​នោះ ទើប​កម្មករ​អូស​រទេះ​បានរាយការណ៍ ទៅកាន់តម្រួតថៃឲ្យត្រួតពិនិត្យ។ ភ្លាមៗ​ សមត្ថកិ​ច្ច​ក៏បានឆែកឆេរវ៉ាលី ទាំង​អស់នោះ ដោយរកឃើញដុំបួនជ្រុង រុំស្កត់ជាច្រើនជុំ​ ដែល​មាន​ភិន​ភាគ​ស្រដៀងនឹងគ្រឿងញៀន។ សមត្ថ​កិច្ច​ថៃក៏បានប្រមូលយកវត្ថុតាង និង​ធ្វើ​កំណត់​ហេតុ​សាក​សួរ​បន្តស្រាវជ្រាវតាមនីតិវិធី ។

ចំពោះករណីនេះ បើតាមលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី៣ ដែរថា ករណីនេះខាងលោកកំពុងសើបសួរ ៕

CATEGORIES
Share This