ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ០៧គ្រួសារ ទទួលបានអំណោយ កាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខា ចែកជូនដល់ប្រជាពលរដ្ឋចំនួន០៧គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២០ ខែសីហា ២០២៤ ស្ថិតនៅភូមិ សំបួរមាស ឃុំស្នឹង និងភូមិ ក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ស្រេង សុខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកប្រធានអនុសាខាស្រុក បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹង ការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។
បន្ថែមពីនេះ លោក ស្រេង សុខា បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះធម្មជាតិដែលតែងតែកើតមានឡើងដោយមិនមានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ក្រសួងធនធានទឹកនិងឧតុនិយម តែងតែបានចេញសេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានក្នុងការបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គររន្ទះ ដែលអាចកើតមាន ឡើងជាយថាហេតុផងដែរ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន០១គ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , ទឹកស៊ីអីវ០១យូរ, ទឹកត្រី០១យូរ , ទឹកសុទ្ធ០១កេស , មី០១កេស , ត្រីខ០១យូរ , ថវិកា ៥០,០០០រៀល និងសង្ក័សីសរុប ១៣៩សន្លឹកផងដែរ៕
ដោយ ៖ សាលី