នាយឧត្តមសេនីយ៍ គន់ គីម ៖ ប្រធានសមាគម និងអាជ្ញាធរ ត្រូវគិតគូលើជីវភាព និងផ្តល់សេវាសាធារណៈឆាប់រហ័ស ដល់អតីតយុទ្ធជន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនឱ្យបានល្អ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជននិងក្តាប់ឱ្យបាននូវស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ការណែនាំដូច្នេះធ្វើឡើង គ្រាដែលតែងតាំងលោក ជាម ចន្ទ័សោភ័ណ ជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា ការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន គឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ដូច្នេះស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឱ្យបានកាន់តែផុលផុសនិងមានប្រសិទ្ធភាពក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការនិងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរនូវពេលដែលអតីតយុទ្ធជនណាម្នាក់ទទួលពលីមរណៈ ដើម្បីឱ្យក្រុមគ្រួសារមានលទ្ធភាពចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជាមួយនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានលើកទឹកចិត្តទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមគាំទ្រនិងសហការគ្នា ដើម្បីឱ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងាររបស់ខ្លួនបានកាន់តែល្អប្រសើរក្នុងការរួមចំណែកលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុជាតិមាតុភូមិ។ហើយកាន់តែពិសេសជាងនេះប្រធានកិត្តិយសសមាគមដែលទើបទទួលបានការតែងតាំងថ្មីនិងប្រធានសមាគមក្រុង-ស្រុកនិងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួបនិងក្ដាប់ឱ្យបាននូវតម្រូវការនានារបស់បងប្អូន គ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាពិសេសគឺកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូនឱ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនិងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This