កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបុរស២នាក់ ដែលប្រមូលភាសុីពីពលរដ្ឋលក់ដូរ តាម កញ្រ្ចែង កញ្ជើ ល្អី
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ដោយលោកអភិបាលខណ្ឌ សក់ ច័ន្ទកាញ្ញារិទ្ធ បានធ្វើការឃាត់ខ្លួនបុរស២នាក់ វេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈកំពុងដើរយកភាសុីពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និង សេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមកដើម្បីកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ។
បុរសដែលត្រូវនគរបាលឃាត់ខ្លួននោះ ១-ឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ២-ឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដើរយកភាសុី ពីប្រជាពលរដ្ឋដែលរកសុីលក់ដូរ បន្លែ ផ្លែឈើតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយកន្លែងៗចាប់ពី ៥ពាន់ទៅ១ម៉ឺនរៀល ។ ដែលបញ្ហានេះបានបំពានសារាចរណ៍ណែនាំលេខ១១ ស រ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។
អាជ្ញាធរបាននិយាយទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលខាងលើនោះ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំមួយផងដែរ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ។ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ប៉ុន្តែបុរសទាំង២នាក់នេះនៅតែបំពាន ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ ច័ន្ទកាញ្ញារិទ្ធ បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ។
ក្រោយពេលចាប់ខ្លួនបុរសទាំង២នាក់នេះ បានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយភាសុីពីអ្នកលក់ដូរមែន ដោយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឈ្មោះកែវ វ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្រ្តីរាជការ បានឲ្យពួកខ្លួនយាមការដ្ឋានសំណង់ ។ បន្ទាប់មកឈ្មោះកែវ វ៉ា នោះបានប្រើឲ្យពួកខ្លួនដើរទារភាសុីពីអ្នកលក់នៅមុខក្បាលដីរបស់គាត់(ឈ្មោះ កែវ វ៉ា) មួយកន្លែង៥ពាន់ទៅ១ម៉ឺនរៀល ។ លុះពេលទារប្រាក់បាន ខ្លួនបានយកទៅប្រគល់ជូនឈ្មោះកែវ វ៉ា ជាអ្នកចាត់ចែង ហើយរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្រាប់តែសមត្ថកិច្ចចុះឃាត់ខ្លួនបែបនេះតែម្ដង ។
ស្របពេលកើតហេតុរឿងខាងលើ សាលាខណ្ឌពោធិ៍សែនជ័យបានអំពាវនាវដល់ជនឆ្លៀតឱកាសទាំងឡាយដែលកំពុងតែដើរយកភាសុីពីអ្នកលក់តាមកញ្រ្ចែង កញ្ជើ ល្អី ប្រសិនបើអាជ្ញាធរដឹង នឹងចុះទៅឃាត់ខ្លួនអនុវត្តតាមច្បាប់មិនលើកលែងទេ ដូច្នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ៕