រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ ប្រជាពលេដ្ឋនិងសិស្សានុសិស្សចូលរួមវាយជួង ទូងស្គ ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោជាផ្លូវការ។ពិធីអបអរសាទរត្រូវបានប្រព្រឹត្តិទៅនៅទីតាំងរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយដែលកើតឡើងក្រោមគំនិតផ្តួចផ្តើមនិងគិតគូយ៉ាងហ្មត់ចត់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ព្រែកជីកហ្វូណនតេជោនេះដែរនឹងចាប់ផ្តើមបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មន្ត្រីរាជការនៅគ្រប់ស្ថាប័ន នៅតាមវត្តអារាម សាលារៀន នឹងធ្វើការវាយជួង ទូងស្គ ដើម្បីអបអរសាទរនូវសមិទ្ធិផលប្រវត្តិសាស្ត្រ(គម្រោងព្រែកជីកហ្វូណនតេជោ) ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវទឹកទន្លេមេគង្គ ទៅផ្លូវទឹកសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក  ព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤មាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។

គម្រោង ព្រែកជីកហ្វូណន តេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្ត ដោយ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីបន្សល់ទុកជា កេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ រាប់ពាន់ឆ្នាំ តទៅមុខ ។

សូមបញ្ជាក់ថាគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញ ចម្ងាយផ្លូវ ពេលវេលានិងថ្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែងត្រង់ ទៅសមុទ្រ ព្រមទាំងបង្កើន វិសាលភាព នៃប្រព័ន្ធ ស្រោចស្រព និង រំដោះទឹកជំនន់ និងជួយពង្រីក បង្កើន ផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This