ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលពិនិត្យស្ថានភាព និងសំណេះសំណាលខ្លីជាមួយមន្រ្តី ដែលកំពុងបំពេញភារកិច្ចនៅកន្លែងបំពេញបែបបទជូនអ្នកដំណើរចេញ-ចូល កម្ពុជា-វៀតណាម មុននឹងបន្តដំណើរទៅពិនិត្យនិងសួរសុខទុក្ខមន្ត្រីនៅប៉ុស្ត៍ប្រចាំការស្លាបឆ្វេង និងស្លាបស្ដាំ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានចំងាយប្រមាណ ១ ៥០០ម៉ែត្រ ពីច្រកទ្វារ។
ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញ ចំនួន ៧៦៥ ០៥៦នាក់ ស្មើ ១៥៦សញ្ជាតិ និងអ្នកដំណើរចូល ចំនួន ៧៣៥ ១៥៨នាក់ មាន ១៥៤សញ្ជាតិ សរុបកើនឡើងជាង ១សែននាក់ រួមទាំងកំណើនភ្ញៀវបរទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ជាដើម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា មន្រ្តីច្រកទ្វាព្រំដែន ទាំងព្រំដែនគោក និងអាកាស គឺជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវប្រទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍លើពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំមន្រ្តីនគរបាលច្រកទ្វារទាំងអស់ ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។
ជាមួយគ្នានោះ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីស្លៀកពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ រក្សាអនាម័យនិងសោភណ្ឌភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចឱ្យបានល្អ ហើយថ្នាក់ដឹកនាំត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ ការបណ្ដុះបណ្ដាលជំនាញបន្ថែម រួមទាំងឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់ មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។
ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានណែនាំឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ និងត្រូវមានកិច្ចសហការឱ្យបានល្អជាប្រចាំជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមានផ្សេងៗ និងលើកកម្ពស់ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អង្ករ ចំនួន ២តោន មី ចំនួន ១០កេសធំ ទឹកស៊ីអ៉ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ និងត្រីខកំប៉ុង ចំនួន ១០កេសធំ និងចូលរួមពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ផងដែរ៕