រកឃើញហើយ ឧទ្ធម្ភាគចក្រដែលបានធ្លាក់បាត់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ យោងតាមផេកផ្លូវការក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់នាយឧត្តមសេនីយ៍ ឈុំ សុផាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហោះពីការរុករកឃើញ ឧទ្ធម្ភាគចក្រដែលបានធ្លាក់បាត់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ក្នុងខ្លឹមសារទាំងស្រុងបានសរសេរថា “សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិ​បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។ សូមអរគុណ !” ។

ជាមួយនឹងការរកឃើញ ឧទ្ធម្ភាគចក្រ ដែលបានបាត់នេះ នៅមិនទាន់មានរបាយការណ៍ណាមួយ អំពីវត្តមានអ្នកបើកឧទ្ធម្ភាគចក្រថា នៅ​រស់រានមានជីវិត ឬយ៉ាងណានៅឡើយនោះ ។ សារព័ត៌មានយើងនឹងជម្រាបជូនជាបន្តបន្ទាប់ទៀត ៕

CATEGORIES
Share This