អាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចផលិតទឹកកាធុមខុសច្បាប់មួយកន្លែង ដកហូតវត្ថុតាងមួយចំនួនធំ

បន្ទាយមានជ័យ ៖ ទីតាំងលួចផលិតទឹកកាធុមខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាប ដកហូតវត្ថុតាងមួយចំនួនធំ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុមនៅចំណុចខាងលើ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រីគង់រិទ្ធាមន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រូលនីតិវិធីពីឯកឧត្ដមកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៤ បានធ្វើការចុះឆែកឆេរទីតាំងខាងលើ តែក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់អស់ ។

លោកបន្តថា ប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានរកឃេីញ និងដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ១.ទឹកកាធុមចំនួន០៦ឆ្នាំងនិង៣០០ដប, ២.ស្លឹកកាធុមចំនួន១០ថង់ធំស្មើនឹង១៦៧គីឡូក្រាម, ៣.ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), ៤.កញ្ឆាស្ងួតចំនួន០៧ថង់, ៥.កាធុនដែកចំនួន០៦, ៦.ធុងទឹកកកចំនួន០៣, ៧.ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ៩.ថង់វេចខ្ចប់និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។

លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យមានការលួចនាំចូល ឬចែកចាយផលិត នៅក្នុងទឹកដី នៃក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យឡើយ។ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ។

ក្រោយធ្វើការបង្ក្រាបវត្ថុតាងខាងលើ ត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំណែកទឹកកាធុម និងស្លឹកកាធុម ត្រូវបានបំផ្លាញចោលផងដែរ ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ទីតាំងលួចផលិតទឹកកាធុមខុសច្បាប់របៀបនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប ៣ទីតាំងរួចមកហើយ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយដកហូកបានវត្ថុតាងមួយចំនួនធំ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនមកអនុវត្តផ្លូវច្បាប់ផងដែរ ៕

CATEGORIES
Share This