អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្រីថានី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់ រួមមាន ៖ ១-ឈ្មោះ ខាំសុង ភេទប្រុស អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឆនឆៃលី ភេទប្រុស អាយុ៣៩ឆ្នាំ (ជនសង្ស័យទាំង២នាក់ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត), ៣-ឈ្មោះ ទូចពៅ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជាមួយគ្នានោះកម្លាំងក៏បានដកហូតវត្ថុតាង ម៉ូតូម៉ាកហុដា PCX ពណ៌ប្រាក់-ខ្មៅ ផលិតឆ្នាំ២០១៨ ចំនួន០១គ្រឿង ផងដែរ ។បន្ទាប់មកកម្លាំងក៏បាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ។
លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងយកទៅបញ្ចាំបានលុយយកមកសុីចាយ ព្រមទាំងទិញគ្រឿងញៀនយកមកប្រើប្រាស់ផង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងដែរថា ក្រោយទទួលបានការឯកភាពពីលោកលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ចំណែកម៉ូតូត្រូវបានដកហូត និងប្រគលជូនម្ចាស់ដើមវិញផងដែរ ៕