ជនសង្ស័យ ៥នាក់ បន្លំវិក័យប័ត្រវេរប្រាក់ ធនាគារ.ABA តាមទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បាត់ដំបង ៖ ក្រុមជនក្លែងបន្លំអេឌីត (edit) វិក័យប័ត្រវេរប្រាក់ធនាគារ.ABA.តាមទូរស័ព្ទ ជាបន្តបន្ទាប់រហូតមានចំនួនទឹកប្រាក់ប្រមាណ ០៥ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនចំនួន០៥នាក់ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ ធិន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ, ២-ឈ្មោះ ម៉ៅ សាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ, ៣-ឈ្មោះ អ៊ុត គុណដែន ភេទប្រុស អាយុ ១៨ឆ្នាំ, ៤ -ឈ្មោះ ស៊ឹម តុលា ហៅ ចិត ភេទប្រុស អាយុ២១ ឆ្នាំ, ៥-ឈ្មោះ លីវ៉ា សីហា ភេទប្រុស អាយុ ២១ឆ្នាំ ដែលអ្នកទាំងប្រាំបានផ្សំគំនិតគ្នាធ្វើសកម្មភាពក្លែងបន្លំអេឌីត(edit) វិក័យប័ត្រវេរប្រាក់ធនាគារ.ABA.តាមទូរស័ព្ទ ជាច្រើនលើក មានចំនួនទឹកប្រាក់ប្រមាណ ០៥ម៉ឺនដុល្លារ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាក់សាំងក្នុងការ៉ាស ចំនួន១០ម៉ឺន ឬ ២០ម៉ឺនរៀល ហើយជនសង្ស័យបានធ្វើជាបាញ់លុយចូលក្នុងប្រតិបត្តិការABA.របស់ថៅកែការ៉ាសសាំង ដែលខ្លួនបានក្លែងរួចហើយ បង្ហាញទៅបុគ្គលិកថា ខ្លួនបានបាញ់លុយចូលទៅថៅកែរួចហើយ នូវទឹកប្រាក់៥០ម៉ឺនរៀល ឬ ៦០ម៉ឺនរៀល ហើយសុំដកលុយសុទ្ធ ដែលលើសនោះមកវិញ ដែលសកម្មភាពនេះជនសង្ស័យបានធ្វើជារៀងរាល់ថ្ងៃ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមជាមួយវត្ថុតាង,ទូរស័ព្ទ ០៤គ្រឿង និងម៉ូតូ 0៤គ្រឿង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី