ឯកឧត្តម ស សុខា ជំរុញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មាន ដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណៈជន ពិសេសពលរដ្ឋដែលទទួលសេវា ។
ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី របៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជន បានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាព សម្រេចបានកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយ ដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។
ជាមួយនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕