អ្នកក្លាហានលេងម៉ូតសក់២ក្រុម៨នាក់ដេញកាប់ និងវាយគ្នាដូចរឿងហុងកុង លទ្ធផលត្រូវជួបរឿងបែបនេះ !
ព្រះវិហារ៖ ក្មេងទំនើង២ក្រុម ក្រោយពីធ្វើសកម្មភាពដេញកាប់ និងវាយគ្នាដូចរឿងចិនហុងកុង កាលពីថ្ងៃទី១៥ និង១៧ ខែកក្កដា ឆ្នាំ២០២៤ លើដងផ្លូងជាតិលេខ៦២ ស្ថិតនៅភូមិរំចេក ត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៨នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការបញ្ជាដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ចុះសហការស៊ើបអង្កេតករណីក្មេងទំនើងបង្ករអុកឡុកលើមូលដ្ឋានឃុំរមនីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន២ក្រុម ស្មើនឹង៨នាក់ ដកហូតវត្ថុតាងរួមមាន៖ ដាវ១ កាំបិតផ្គាក់១ ដែកទីបជ្រុង១ ដំបងឈើជ្រុងចំនួន២ មូលហេតុ៖ ដោយសារគំនុំ។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ និងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿង បញ្ជូនទៅអយ្យកាសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់៕