ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ក្រោយបង្កហិង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
បាត់ដំបង ៖ ផ្តើមចេញពីទំនាស់ពាក្យសំដី ជនសង្ស័យមួយក្រុមមានគ្នាប្រហែល០៥ទៅ០៦នាក់ បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពយកដុំថ្មគប់ ទៅលើជនរងគ្រោះ០១នាក់ និងបានប្រើកាំបិតកាប់បំផ្លាញម៉ូតូ០១គ្រឿង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួចគេចខ្លួនបាត់ស្រមោល។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា ក្រោយពេលកេីតហេតុភ្លាមៗជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ លោកបានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវនិងឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យបានចំនួន០៥នាក់ដែលកំពុងគេចខ្លួននៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ម៉េង ឧត្តម ហៅ តាប់ ភេទប្រុស រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល (មេក្លោង), ២-ឈ្មោះ សុខ ប៊ុនលី ភេទប្រុស រស់នៅភូមិហៃសាន ឃីជ្រៃ ស្រុកថ្មគោ (មេក្លោង), ៣-ឈ្មោះ ភាព ភត្រា ភេទប្រុស រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល, ៤-ឈ្មោះ សុខ សាវ៉ែន ភេទប្រុស រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល, ៥-ឈ្មោះ វី សុខហេង ភេទប្រុស រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌សលាយទឹកសមុទ្រ, ពូថៅផ្លែដែកដងឈើចំនួន០១, កាំបិតតាំងតោផ្លែដែកដងឈើចំនួន០១, កាំបិតកញ្ចែតផ្លែដែកដងដែកចំនួន០១, ជំពាមកៅស៊ូចំនួន០១, ដុំថ្ម០១ដុំ, ផ្លាកលេខម៉ូតូ(របស់ជនរងគ្រោះ)ចំនួន០១ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ និងប្រើប្រាស់កាំបិត ពូថៅ កាប់ទៅលើជនរងគ្រោះ និងម៉ូតូពិតប្រាកដមែន មូលហេតុគឺផ្តើមពី ទំនាស់ពាក្យសម្តីគ្នា ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី